៣៣, អ្នកមានប្រាជ្ញា តែងពត់ចិត្ត ដែលកំរើកញាប់ញ័រ ឃ្លេងឃ្លោង រក្សបានដោយកម្រ ហាមឃាត់បានដោយ កម្រ អោយជាចិត្តត្រង់បាន ដួចជាជាងធ្វើព្រួញ ពត់ព្រួញ អោយត្រង់ យ៉ាងដូច្នោះឯង។
៣៤, ធម្មតាវារិជាតិ (សត្វដែលកើត ក្នុងទឹក មានត្រីជាដើម) ដែលអ្នកនេសាទ ចាប់ស្រង់ឡើង ផុតពីក្នុងទឹក ហើយបានបោះ ចោលទៅលើគោក តែងតែបម្រះនរនៀល យ៉ាងណាមិញ ចិត្តនេះដែលព្រះយោគាវចរបុគ្គល លើកអោយផុតអំពីទឹកដែលធ្លាប់នៅ គឺកាមគូណទាំង៥ ហើយបោះទៅលើគោក ពោលគឺ វិបស្សនាកម្មដ្ឋាន ដើម្បីនឹងផ្តាច់ចំណង នៃមារ រមែងញាប់ញ័រ អន្ទះអន្ទែង ក៏យ៉ាងដច្នោះដែរ។
៣៥, ការទូន្មានចិត្តដែលហាមឃាត់បានដោយកម្រជាធម្មជាតិស្រាល មានប្រក្រតីធ្លាក់ចុះទៅក្នុងអារម្មណ៍ដែលជាទីប្រាថ្នា ជាការប្រសើរ ( ព្រោះថា) ចិត្តដែលគេអប់រំបានល្អហើយ តែងនាំសេចក្តីសុខមកឲ្យ។
៣៦, អ្នកមានប្រាជ្ញា គម្បីរក្សាចិត្តដែលមើលឃើញបានដោយលំបាក ល្អិតបំផុត មានប្រក្រតីធ្លាក់ចុះទៅក្នុងអារម្មណ៍ដែលជាទីប្រាថ្នា ចិត្តដែលគេគ្រប់គ្រងបាល្អហើយ តែងនាំសេចក្តីសុខមកឲ្យ
៣៧, ជនទាំងឡាយណាសង្រួមចិត្តដែលទទួលអារម្មណ៍ នៅទីឆ្ងាយ ត្រាច់ចរទៅតែមួយដួង គ្មានសរីរៈរាងកាយមានគូហា (គឺកាយ) ជាទីនៅអាស្រ័យបានជានទាំងឡាយនោះ នឹងបានរួចផុតអំពីចំណងរបស់មារ។
៣៨, បញ្ញាមិនដែលចំរើនដល់បុគ្គល ដែលមានចិត្តមិនគង់វង់ មិនដឹងច្បាស់នូវព្រះធម៌ មានសេចក្តីជ្រះថ្លារវើរវាយ រសាត់ អណ្តែត។
៣៩, ភ័យនឹងមិនមានដល់បុគ្គលដែលមានចិត្តមិនទទឹកសើមដោយ
រាគៈ មានចិត្តមិនត្រូវទោសៈប្រទូសរ៉ាយហើយ លះបុណ្យនឹងបាបបានអស់ហើយ ភ្ញាក់រលឹកឡើង។
៤០, បណ្ឌិត ដឹងច្បស់នូវកាយនេះថា ដូចជាឆ្នាំងដីហើយ រក្សាចិត្តនេះដូចជាគេរក្សានគរ យ៉ាងនោះឯង គប្បីច្បាំងតទល់ជាមួយនឹងមារាធរាជ ដោយអាវុធ គឺ បញ្ញា គប្បីរក្សានួវជ័យជំនះ ដែលបានឈ្នះហើយ តែមិន គួរជាប់ជំពាក់ (ក្នុង ជ័យជំនះនោះឡើយ)។
៤១, កាយនេះ មិននៅយូរប៉ុន្មានឡើយ តែមានវិញ្ញាណទៅប្រាសហើយ ជាកាយគឺ គេបោះបង់ចោល ក៏នឹងដេកសង្កត់នៅលើផែនដី ដូចជាអង្កត់ឧសរកប្រយោជន៍គ្មាន។
៤២, ចោរឃើញចោរឬ មនុស្សដែលមានពៀរ ឃើញមនុស្សដែលមានពៀរនឹងគ្នាហើយ គប្បីធ្វើនូវសេចក្តីវិនាសអន្តរាយ ហិនហោចណាមួយដល់គ្នានឹងគ្នា មិនខានឡើយ ឯចិត្តដែលបុគ្គតម្កល់ទុកខុសហើយ គប្បីធ្វើបុគ្គលនោះឲ្យអាក្រក់លើសជាង សេចក្តីវិនាដែលពួក ចោរនឹងមនុស្សមានពៀរ វេរា ធ្វើដល់គ្នានោះទៅទៀត។
៤៣, មាតា បិតា ឬ ពួកញាតិដទៃទៀត មិនអាចធ្វើនូវហេតុ នោះ(ឲ្យបានឡើយ) (តែ) ចិត្តដែលបុគ្គលតម្កល់ទុកត្រូវ ហើយ (ប៉ុណ្ណោះ) អាចធ្វើនូវបុគ្គលនោះឲ្យបាន ប្រសើរ ជាងហេតុនោះទៅទៀត។