១៦៧, បុគ្គលមិនគួរសេពនូវធម៌ដ៏ថោកទាប មិនគួររស់នៅ ដោយសេចក្តីប្រមាទ មិនគួរសេពនូវការយល់ខុសមិនគួរជាអ្នកនៅ (ឲ្យ) ចង្អៀតលោកឡើយ។
១៦៨, បព្វជិត មិនគួរប្រមាទក្នុងបិណ្ឌបាតដែលខ្លួនត្រូវ ក្រោកឡើងឈរចាំទទួល បុគ្គលគួរប្រព្រឹត្តធម៌ឲ្យសុចរិត អ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងនៅជាសុខក្នុងលោកនេះផង ក្នុងលោកខាងមុខផង។
១៦៩, បុគ្គលគួរប្រព្រឹត្តធម៌ឲ្យសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲ្យទុច្ចរិត អ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងនៅជាសុខ ក្នុងលោកនេះ និងលោកខាងមុខ។
១៧០, ស្តេចមច្ចុរាជ នឹងមិនឃើញនូវបុគ្គល ដែលពិចារណាឃើញច្បាស់នូវលោកគឺសង្ខារ ដូចជាបុគ្គលគប្បីឃើញពពុះទឹក (និង) ដូចជាបុគ្គលគប្បីឃើញនូវថ្ងៃបណ្តើរកូនយ៉ាងនោះឯង។
១៧១, អ្នកទាំងឡាយចូរមកមើលនូវលោក គឺ អត្តភាពនេះ ដែលត្រកាលដូចជា រាជរថ ដែលជាទីជាប់ជំពាក់ នៃពួកជនពាលទាំងឡាយ តែមិនជាទីជាប់ជំពាក់នៃជនអ្នកដឹងពិត។
១៧២, អ្នកណាប្រមាទហើយ កាលពីពេលមុន តែពេលខាងក្រោយមកគេមិនប្រមាទ អ្នកនោះនឹងធ្វើលោកនេះឲ្យភ្លឺស្វាងបាន ដូចជាព្រះច័ន្ទរះផុតស្រឡះពីពពក បំភ្លឺលោកឲ្យភ្លឺស្វាងត្រចះត្រចង់ យ៉ាងនោះឯង។
១៧៣, អ្នកណាលះចោលនូវបាបកម្មដែលខ្លួបានធ្វើរួចហើយដោយកុសល (គឺអរហត្តមគ្គ) បុគ្គលនោះ នឹងញ៉ាំងលោកនេះឲ្យភ្លឺស្វាងបាន ដូចជាព្រះច័ន្ទរះផុតស្រឡះពីពពកបំភលោកនេះ ឲ្យភ្លឺស្វាងត្រចះត្រចង់ យ៉ាងនោះឯង។
១៧៤, សត្វលោកនេះដូចជាមនុស្សខ្វាក់ នៅក្នុងលោកនេះ មនុស្សតិចនាក់ណាស់នឹងយល់ច្បាស់បាន តិចនាក់ណាស់នឹងបានទៅដល់ឋានសួគ៌ ដូចជាសត្វដែលជាប់លប់ របស់នាយព្រានតិចណាស់នឹងរួចផុតពីលប់បាន យ៉ាងនោះឯង។
១៧៥, ហង្សទាំងឡាយរមែងហើរតាមផ្លូវនៃព្រះអាទិត្យ ឯអ្នកមានឫទ្ធិទាំងឡាយ តែងហោះទៅតាម អាកាស ដោយឫទ្ធិ អ្នកមានបញ្ញាទាំងឡាយឈ្នះមារព្រមទាំងវាហនៈបានហើយ នឹងចេញចាកលោកបាន។
១៧៦, បាបដែលបុគ្គលអ្នកកន្លងធម៌យ៉ាងឯក (គឺលះសច្ចៈ) ចោល ជាអ្នកនិយាយកុហក មានបរលោកលះចោលហើយ មិនគប្បីធ្វើ មិនមានសោះឡើយ។
១៧៧, ពួកមនុស្សអ្នកកំណាញ់ នឹងមិនបានទៅកាន់ទេវលោកឡើយ ពួកមនុស្សពាល មិនសរសើរទានឡើយ ឯអ្នកប្រាជ្ញ អនុមោទនានូវទាន លោកជាអ្នកមានសេចក្តីសុខ ព្រោះហេតុដែលបានអនុមោទនាទាននោះឯង។
១៧៨, សោតាបត្តិផល ប្រសើរជាឯករាជលើផែនដីជាងការទៅកាន់ឋាសួគ៌ និងប្រសើរជាងអធិបតីភាពនៅក្នុងលោកទាំងមូល។